លោកពូទីនបញ្ជាបង្កើនចំនួនកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន១៧ម៉ឺននាក់

0 13

វិមានក្រឹមឡាំង និងក្រសួងការពារជាតិបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហ​ត្ថលេ​​ខា​លើក្រឹ​ត្យមួយដើម្បីបង្កើនចំនួនទាហានអតិបរមានៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែលមាន​ចំ​នួ​​ន​រហូតដ​ល់ជិត ១៧០​,​០​០​០នាក់ ខណៈការឈ្លានពានរបស់យោ​ធារបស់ទីក្រុងមូស្គូ​ក្នុងប្រទេសអ៊ុ​យ​ក្រែ​​​ននៅតែបន្ត​ដល់ខែទី ២​​២ហើយ​។ ក្រឹ​ត្យរប​ស់លោកពូទីនត្រូវបាន​ចេញផ្សាយដោយវិមានក្រឹមឡាំង​កា​ល​ពីថ្ងៃទី១ ខែធ្នូនេះ បា​​នចូលជាធរមានភ្លាមៗ ដែលបានជំរុញឱ្យចំនួនបុគ្គលិក​យោធារុស្ស៊ីសរុបមា​ន​ប្រ​ហែ​ល ២.២ លា​ន​នា​​ក់ ក្នុងនោះមានទាំងទាហាន ១.៣២ លាននាក់។

នេះគឺជាការពង្រីកកងទ័ពលើកទីពីរហើយចាប់តាំងពីឆ្នាំ ២០១៨ មក។ កាលពីលើកមុនក្នុ​ងខែសី​ហា​ឆ្នាំ​ ២​​​០២២ លោកពូទីនបានបញ្ជាឱ្យពង្រីកចំនួនកងទ័ពចំនួន ១៣៧,០០០នាក់ ដែលកាលនោះ​មានរុ​ស្ស៊ី​​មា​​​ន​បុគ្គលិកយោធាប្រហែល ២ លាននាក់ និងទាហានប្រហែល ១.១៥ លាននាក់។ នៅខែបន្ទាប់ លោក​បានបញ្ជាឱ្យមានការចល័តទ័ពបម្រុងចំនួន ៣០ម៉ឺននាក់ ដើម្បីពង្រឹងកងក​ម្លាំងរុស្ស៊ីនៅ​ក្នុងប្រ​ទេ​ស​អ៊ុ​យក្រែន។ ចំនួន​នោះ​ត្រូវ​បាន​រាប់​ជា​ផ្នែក​នៃ​កម្លាំងយោធា​បច្ចុប្បន្ន​។

ជុំវិញការបង្កើន​ចំ​នួ​​នកង​កម្លាំងប្រដាប់អាវុធនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិ​យាយថាគឺដោយ​សា​រតែ​មា​​នកា​រគំ​រា​ម​កំ​​ហែ​​​ងកាន់តែខ្លាំងឡើងចំពោះប្រទេសខ្លួន​ ជុំវិញប្រតិបត្តិការយោធា​ពិសេ​សនៅអ៊ុយក្រែ​ន​ និងការ​ព​ង្រីក​ខ្លួ​​​នជា​បន្តបន្ទាប់នៃអង្គការណាតូ។ ក្រសួងបាននិ​យាយក្នុងសេចក្តីថ្លែងការណ៍​ថា៖«កង​ក​​ម្លាំង​ប្រដា​ប់អា​​វុ​ធ​របស់ណាតូកំពុងត្រូវបានបង្កើតឡើងនៅក្បែរព្រំដែនរុស្ស៊ី ហើយ​ប្រព័ន្ធការពារដែន​អា​​កា​ស និងអា​​វុធ​វា​​យប្រ​ហារកំពុងត្រូវបានដាក់ពង្រាយ»។

កាលពីខែធ្នូកន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសថា ប្រទេ​ស​នេះត្រូវ​កា​រ​កងកម្លាំងចំនួន ១.៥ លាននាក់ ដើម្បីធានាការបំពេញភារកិច្ច​ធានាសន្តិសុខជាតិរុស្ស៊ី។ កាល​ពីមុ​នវិមាន​ក្រឹមឡាំង បានចាត់ទុកទំហំយោធារបស់ខ្លួនថាគ្រប់គ្រាន់ហើយ ប៉ុន្តែ​ក្រោយមកក៏​មានការ​ផ្លាស់​ប្តូ​រ បន្ទាប់ពីខ្លួនបានដាក់ក្តីសង្ឃឹមសម្រាប់ជ័យជម្នះយ៉ាងឆាប់រហ័សលើអ៊ុយក្រែន ចាប់​តាំងពីវាបាន​ឈ្លា​​ន​ពានក្នុងខែកុម្ភៈ ឆ្នាំ 2022 ។

រុស្ស៊ី​បាន​អនុវត្ត​កិច្ច​ប្រឹងប្រែង​ជាច្រើន​ដើម្បី​ផ្តល់​ការ​ជំរុញ​ដល់កំណើន​កងទ័ព​របស់​ខ្លួន រួម​ទាំង​ការ​កៀ​រគរ​​អ្ន​​ក​បម្រុង បង្កើត​កងវរសេនាតូច​ស្ម័គ្រចិត្ត និង​យុទ្ធនាការផ្សេងៗទៀតដើម្បី​ទាក់ទាញ​អ្នកចូលរួ​មប​ន្ថែ​​ម​ទៀ​ត។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទ្ធិមនុស្សមួយចំនួនបាននិយាយថា អាជ្ញាធររុស្ស៊ីក៏បានផ្តល់ការលើកលែងទោសដល់អ្នកទោសមួយចំនួនជាថ្នូរនឹងការដូរមកបំពេញកាតព្វកិច្ច​យោធាផងដែរ។ បុរសរុស្ស៊ីទាំងអស់ដែលមានអាយុពី 18 ទៅ 27 ឆ្នាំ ត្រូវតែបម្រើក្នុងជួរ​​យោធាមួយ​ឆ្នាំ​​​​ ដែ​លចាប់ផ្តើមនៅថ្ងៃទី ១ ខែមករាឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ បុរសមួយចំ​នួនធំដោយ​សា​​​​​រតែ​​ចង់ជៀសវាងច្បាប់នេះបានយកលេសថាមានបញ្ហាហេតុផលសុខភាព ឬការពន្យាពេល​ទៅរៀ​ន​នៅ​​​សាកលវិទ្យាល័យ៕

Loading...