ខេត្តសៀមរាប៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានភ្ញៀវទេសចរទៅលេងខេត្តសៀមរាបចំនួន ៣០៤,២៦១ នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦,៥៩២នាក់។
របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងទៀតថាក្នុងចំណោមភ្ញៀវទេសចរទាំង ៣០៤,២៦១ នាក់មានភ្ញៀវទេសចរបរទេសមានចំនួន១៤,២៦១ នាក់ មានការថយចុះចំនួន៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន២៦,៥៩២នាក់។
ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០,០០០ នាក់ មានការកើនឡើងប្រមាណ ១៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០,០០០ នាក់ ក្នុងនោះតំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧,០០០ នាក់ រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨,០០០ នាក់ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០,០០០ នាក់ នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥,០០០ នាក់៕