មន្រ្តីជំនាញ ក.ប.ប. នាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យផលិតផលដែលតាំងលក់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

0 24

(ភ្នំពេញ) ៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងយកសំណាកគំរូ ទំនិញម្ហូបអាហារ ចំនួន ៣៨ មុខ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក គុយទាវ មី សាច់មាន់ស្លាបមាន់អាំង ប្រហិត ជ្រក់ ជាដើម ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ វិភាគនៅនឹងកន្លែងជាក់ស្តែងក្នុងរថយន្តពិសោធន៍ ។ ជាលទ្ធផល ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបានយល់ ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹងបន្ថែមទៀត ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ។

លើសពីនេះទៅទៀត មន្ត្រីជំនាញក៏បានពន្យល់ អប់រំណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយទាំងអស់ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈបច្ចេកទេសដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

ក្នុងករណី ប្រជាពលរដ្ឋ ឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាពដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង មកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ៕

 

Loading...