ពេលនេះ ស្នងការនគរបាលខេត្តក្រចេះ បានកោះហៅមេប៉ុស្តិ៍ស្រែចារ មកឆ្លើយបំភ្លឺករណីទៅបញ្ឈប់ការសម្តែងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ ស្រុកស្នួល ខេត្តក្រចេះ
(ក្រចេះ) ៖ ស្នងការនគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានកោះហៅលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកស្នងការនគរបាលខេត្ត ដើម្បីឆ្លើយបំភ្លឺ ក្នុងករណីដែលលោកចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែង របស់ក្រុមអ្នកលេងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ នៅវត្តអូរលុង ស្ថិតក្នុងភូមិ អូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
ករណីនេះ មេប៉ុស្តិ៍ស្រែចារ ហាមឃាត់អ្នកលេងល្ខោនបាសាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលនេះមហាជនជាច្រើន កំពុងផ្ទុះប្រតិកម្មចំពោះទង្វើរបស់លោកមេប៉ុស្តិ៍រូបនេះ ។
លោកមេប៉ុស្តិ៍ ក៏បានឆ្លើយបញ្ជាក់នៅយប់នោះផងដែរថា លោកមិនបានទទួលព័ត៌មានថា នឹងមានកម្មវិធីបុណ្យកឋិន ក៏ដូចជាការសម្ដែងសិល្បៈល្ខោនបាសាក់អ្វីនោះទេ ទើបលោកចុះមកសួរនាំ មិនមានគោលបំណងមករករឿង ឬក៏រំខានអ្វីឡើយ ។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានប្រាប់សារព័ត៌មានឱ្យថា ករណីនេះក្រុមប្រឹក្សាវិន័យ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងប្រមូលព័ត៌មានបន្ថែម និងធ្វើការសាកសួរលើមេប៉ុស្តិ៍ស្រែចារ ក្នុងករណីរកឃើញថាមានកំហុសប្រាកដមែន ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នឹងអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕