គន្លឹះ​បង្កើត​ពាក្យ​សម្ងាត់​ដែល​រឹងមាំ​​ដើម្បី​ការពារ​ការ​ជ្រៀតចូល​ដោយ​ក្រុម​Hacker​

0 8

នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្ន​ការប្រើប្រាស់ គណនី​ឌីជីថល គណនី​បណ្តាញ​សង្គម ឬ​គណនី​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ផ្សេងៗ ជាពិសេស​គណនី​សម្រាប់​ទូទាត់​សាច់ប្រាក់​អន​ឡាញ (online payment, e-payment) នៅតែ​ប្រឈម​ហានិភ័យ​ខ្ពស់ ពី​ការ​លួច​ជ្រៀតចូល​គ្រប់គ្រង​ប្រើប្រាស់​ពី​ជនអនាមិក (hacker) ។ ការបង្កើត​ឬ​ប្រើប្រាស់​ពាក្យ​សម្ងាត់ (Password) សាមញ្ញ​ពេក ខ្លី​ពេក ពិតជា​អាច​បង្ក​នូវ​ហានិភ័យ​ខ្ពស់ ពី​ការ​លួច​តាមរយៈ​ការទស្សទាយ ឬ​បច្ចេកទេស ទាញយក​ពី​ជន​អនាមិក (Hacker)​។​

​ខាងក្រោម​នេះ​ជា​គន្លឹះ​ទាំង​៦​ចំណុច​ក្នុង​ការបង្កើត​ពាក្យ សម្ងាត់​រឹងមាំ (strong password) ៖

១. កុំ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន (personal info)៖ សូម​លោកអ្នក​កុំ​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​ដូចជា ឈ្មោះ​, ថ្ងៃខែ​ឆ្នាំ​កំណើត​, លេខ​គណនី​ធនាគារ​, អាសយដ្ឋាន​សារ​អេឡិចត្រូនិក​(Email), លេខ​ទូរ​សព្ទ ។​ល​។ ទៅ​ប្រើប្រាស់​ធ្វើជា​ពាក្រ​សម្ងាត់​(password) ជាដាច់ខាត​។​

២. ប្រើពាក្យ​សម្ងាត់​ដែល​វែង (long password) ៖ សូម​ប្រើប្រាស់​ពាក្យ​សម្ងាត់ យ៉ាងហោចណាស់ 8​តួ​អក្សរ ឬ​វែង​ជាង​នេះ គឺ​ដើម្បី​បង្កើន​សុវត្ថិភាព​កាន់តែខ្លាំង​ឡើង ។​

៣. វិធីសាស្ត្រ​ផ្សំ​អក្សរ ជាមួយ​លេខ និង​និមិត្តសញ្ញា​៖ គួរ​ប្រើប្រាស់​ការ​ផ្សំ​រវាង តួអក្សរ​ធំ អក្សរ​តូច លេខ​និមិត្តសញ្ញា​ផ្សេងៗ​បញ្ជូលគ្នា ។ ឧទាហរណ៍​៖ sCa1%A, ។​

៤. ជៀសវាង​ការ​ប្រើពាក្យ ដូច​ក្នុង​វចនានុក្រម​៖ ការប្រើប្រាស់​ពាក្យ ដែលមាន​អត្ថន័យ​ដូច​ក្នុង​វចនានុក្រម នឹង​ក្លាយជា​ពាក្យ សម្ងាត់​ដែល​ខ្សោយ​បំផុត​។ ឧទាហរណ៍​៖ wonderful1 ។​

៥. កុំ​ប្រើពាក្យ​សម្ងាត់ ដូចគ្នា​សម្រាប់​គណនី​ផ្សេងៗ​គ្នា​៖ ការប្រើប្រាស់​ពាក្យ​សម្ងាត់​ដូចៗ​គ្នា សម្រាប់​គណនី​ផ្សេងៗ​គ្នា​នឹង​ផ្តល់​ហានិភ័យ​ខ្ពស់ នៅពេលដែល​ជន​អានាមិក រកឃើញ​ពាក្យ​សម្ងាត់ របស់​គណនី​ណាមួយ​របស់​លោកអ្នក នោះ គណនី​ផ្សេងទៀត​របស់​លោកអ្នក ក៏​នឹងត្រូវ​បាត់បង់​ទាំងអស់ ។​

៦. ប្រើប្រាស់​កម្មវិធី​បង្កើត​ពាក្យ​សម្ងាត់​រឹងមាំ (Strong password Generator)៖ ការប្រើប្រាស់​ពាក្យ សម្ងាត់​ដោយ​កម្មវិធី​បង្កើតពាក្រ​សម្ងាត់​រឹងមាំ គឺជា​ប្រភេទ​ពាក្ស សម្ងាត់​ដែល​រឹងមាំ​បំផុត ។ លោកអ្នក​អាច​សាកល្បង​ប្រើប្រាស់​កម្មវិធី​បង្កើត ពាក្យ​សម្ងាត់​រឹងមាំ (Password Generator) ដើម្បី​ជា​ជំនួយ ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រាកដថា​បាន​រក្សាទុក​ពាក្យ សម្ងាត់​នោះ ទៅ​កន្លែង​មាន​សុវត្ថិភាព សម្រាប់​ប្រើប្រាស់​ជា​ការចាំបាច់​៕

Loading...