អ៊ីស្រាអែល បើកប្រតិបត្តិការវាយឆ្មក់ ក្នុងមន្ទីរពេទ្យធំជាងគេបំផុត នៅហ្កាហ្សា
ហ្កាហ្សា៖ កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះបានឱ្យដឹងថាខ្លួនបានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយនៅក្នុងមន្ទីរពេទ្យធំជាងគេ បំផុតក្នុងតំបន់ហ្កាហ្សា ដោយមានគោលដៅលើទីបញ្ជាការរូងក្រោមដីរបស់ក្រុមហាម៉ាសមានទីតាំងស្ថិតនៅក្រោមមន្ទីរពេទ្យនេះជាមួយការជំរុញឱ្យ ក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់។
ប្រតិបត្តិការវាយឆ្មក់របស់អ៊ីស្រាអែល កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃថាមន្ទីរពេទ្យ Al-Shifa ត្រូវតែស្ថិតនៅក្រោម ការការពារ។
បើតាមការវាយតម្លៃថ្មីមួយរបស់ UN មានអ្នកជំងឺ បុគ្គលិក និងជនភៀសខ្លួនយ៉ាងហោច ២,៣០០នាក់ កំពុងជាប់នៅក្នុងមន្ទីរពេទ្យ Al Shifa ហើយសាក្សីជាច្រើនបានរៀបរាប់ថាស្ថានភាពនៅខាងក្នុងមន្ទីរពេទ្យនេះគួរឱ្យរន្ធត់ដោយពួកគេបានឃើញគ្រូពេទ្យធ្វើការវះកាត់អ្នកជំងឺ ដោយមិនមានថ្នាំស្ពឹក។
យោធាអ៊ីស្រាអែលបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ផ្អែកលើព័ត៌មានសម្ងាត់ និងប្រតិបត្តិការពិសេសមួយ កងកម្លាំងការពារជាតិអ៉ីស្រាអែល IDF បានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយប្រឆាំងនឹងក្រុមហាម៉ាស នៅតាមទីតាំងជាក់លាក់ ក្នុងមន្ទីរពេទ្យ Al-Shifa»។
សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាក្រុមហាម៉ាសបានប្រើប្រាស់មន្ទីរពេទ្យ Al Shifa ដើម្បីធ្វើប្រតិបត្តិការយោធារបស់ខ្លួន ខណៈ សហរដ្ឋអាមេរិកក៏បានអះអាងដូចគ្នានេះដែរថាមន្ទីរពេទ្យមួយនេះអាចមានស្ដុកអាវុធដែលនេះជាទង្វើអាចត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។ ក៏ប៉ុន្តែ ក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាលោក ចូ បៃដិនជាអ្នកទទួលខុសត្រូវទាំងស្រុងលើ ប្រតិបត្តិការរបស់អ៉ីស្រាអែល៕