ស្នងការនគរបាលខេត្តកំពង់ស្ពឺ៖ កំណត់មុខសញ្ញាបានហើយ ករណីបាញ់បោះសេរីនៅលើភ្នំគិរីរម្យ
ភ្នំពេញៈ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ទាក់ទងករណីបាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីបាញ់បោះសេរី សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង ២០០គ្រាប់។ ទាក់ទងករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់បញ្ជាក់នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នេះថា “កំណត់មុខសញ្ញាបាន និងកំពុងបន្តនិតិវិធី”។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ។
តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ ៣៨ឆ្នាំ ដែលអ្នកទាំងពីរ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ។ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំងរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះរបស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា។ ពេលកំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថា អ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះឲ្យតែមានកម្មវិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។
តាមការបំភ្លឺពីឈ្មោះ អ៊ុ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នាឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។
របាយការណ៍បានបន្តថា វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន:
-សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់
-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់
-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់៕