ក្នុងខែវិច្ឆិកា ភ្ញៀវទេសជាង ៣ម៉ឺននាក់ចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

0 9

ខេត្តព្រះវិហារ៖ រយៈពេល ១ខែពេញនៃខែវិច្ឆិកា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរទទួលបានភ្ញៀវទេសចរសរុបជាង៣ម៉ឺននាក់។

យោងតាមរបាយការណ៍ស្តីពីស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិព្រះវិហារនាថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះរមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ១៧ ៨២៤នាក់។

ជាមួយគ្នានេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ១៤ ៨៩៧នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ១៣ ៤៧០នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១ ៤២៧នាក់។

គួរឱ្យដឹងដែរថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

រីឯប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា៕

Loading...