ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅកម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត។
ឯកឧត្តមបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ម៉ឹននាក់ មានសារព័ត៌មានអនឡាញជិត ១ ០០០ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០អនឡាញទៀតនៅមិនទាន់ចុះបញ្ជី។
រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ ខណៈបច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧អង្គភាព។ ដូចនេះ សម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន័ការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ។
រដ្ឋមន្រ្តីព័ត៌មាន បានបញ្ជាក់ដែរថា ដោយសារមានការកើនឡើងប្រពន្ធ័ផ្សព្វផ្សាយសង្គមនេះ លោកស្នើ កុំអោយសាធារណជនមានការយល់ច្រឡំ រវាង អ្នកកាសែតអាជីព និងអ្នកកាសែតប្រជាជន ដោយអ្នកកាសែត អ្នកយកព័ត៌មានអនឡាញដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ គឺមានការចុះបញ្ជីមានបណ្ណអ្នកកាសែត។ អ្នកកាសែតប្រជាជន គឺសំដៅលើអ្នកចូលចិត្តថត ចូលសរសេរ ចូលចិត្តផ្សព្វផ្សាយ តែមិនមែនជាអ្នកសារព័ត៌មានអាជីពនោះទេ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រី ក្រសួងព័ត៌មាន បានគិតគូរដល់អ្នកសារព័ត៌មាន និងក្រុមគ្រួសារ លើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ភាគរយ។
ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់ថា ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន និងដើម្បីជម្រុញដល់ ប្រធានសមាគមសារព័ត៌មានទាំងអស់ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បសស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសុខភាព។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ខណៈក្រមសីលធម៍ វិជ្ជាជីវៈ គឺជាកិច្ចការងារយ៉ាងសំខាន់សម្រាប់សារព័ត៌មាន ហើយអ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ដែលមានប្រភពច្បាស់លាស់៕