Heng Sothy

រយៈពេល៣ថ្ងៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពតទទួលភ្ញៀវទេសចរបានជាង៨ម៉ឺននាក់

ខេត្តកំពត៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តកំពតទទួលភ្ញៀវទេសចរជិតឆ្ងាយបានប្រមាណជាង៨៤.០០០នាក់។ ក្នុងចំណោមនោះ ភ្ញៀវភាគច្រើនបានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានានៃតំបន់បណ្តុំទេសចរណ៍ទឹកឈូ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគីចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកំពតទទួលភ្ញៀវទេសចរជាតិ អន្តរជាតិបានចំនួន៨៤.២៣៤នាក់។ ក្នុងនោះភ្ញៀវជាតិ៨២.៩០៧នាក់ និងទេសចរបរទេស១.៣២៧នាក់។

លោកបន្តថា តំបន់បណ្តុំទេសចរណ៍ទឹកឈូនៅតែរក្សាបានប្រជាប្រិយភាពជាងគេ ដោយភ្ញៀវមួយភាគធំបាននាំគ្នាទៅលេងនៅទីនោះ ពិសេសឧទ្យានដងព្រែក និងមណ្ឌលកម្សាន្តដូងទេរជាដើម។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះបន្ទប់ស្នាក់នៅ សម្រាប់យប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា គឺភ្ញៀវបានចូលសម្រាកពេញៗ ខណៈដែលសេវាកម្មពុំមានការដំឡើងថ្លៃឡើយ។ ចំណែកស្ថានភាពទូទៅមានលក្ខណ:ល្អប្រសើរ ពោលគឺមិនមានបញ្ហាកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕

Exit mobile version