ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍សន្តិសុខល្អប្រសើរ ខណៈអ្នកទេសចរប្រមាណ២លាននាក់ចូលរួមកម្សាន្តសប្បាយ

0 13

ភ្នំពេញ៖ ក្នុងថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៅតែបន្តល្អប្រសើរ ខណៈប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយប្រមាណ ២លាននាក់។

យោងតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា គ្រប់ទីបញ្ជាការស្រាល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៣ មានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក និងចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) ហើយប្រទីបត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមាន ចំនួន ៣០ប្រទីប។

ប្រភពដដែល បញ្ជាក់ថា «ពិនិត្យជារួមនៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ២.០០០.០០០នាក់»។

ចំពោះ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការ ៖ លួចម៉ូតូ ១លើក ករណីនេះសមត្ថកិច្ចកំពុងខិតខំធ្វើការស្រាវជ្រាវស៊ើបអង្កេត។ សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ៖ ឆាបឆេះធុងហ្គាស ១លើក មូលហេតុខ្វះការប្រុងប្រយ័ត្តក្នុងការផ្លាស់ប្តូរធុងហ្គាស បណ្តាលឲ្យរបួស ៤នាក់ នៅគោលដៅរង្វង់មូលស្ពានកោះនរា។

ចំពោះ លទ្ធផលកិច្ចប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ ៖ កម្លាំងការពារគោលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិ ចំនួន ២០នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន ១៣នាក់ និងកំពុងស្វែងរកសាច់ញាតិ ចំនួន ៧នាក់បន្តទៀត។ កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹក ចំនួន ២ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ៤៣នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូក ចំនួន ២នាក់ ប្រកបដោយសុវត្ថិភាព។ សមត្ថកិច្ចគោលដៅ ក.៩.៤ បានទទួលកាបូបលុយពីប្រជាពលរដ្ឋ ១លើក កំពុងធ្វើការផ្សព្វផ្សាយស្វែងរកម្ចាស់មកទទួលយកទៅវិញ។

លើសពីនេះ បានចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១០គោលដៅ។ ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២.២៨២នាក់ (ស្រី ៣៥៦នាក់) និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន ៤នាក់៕

Loading...