ភ្នំពេញ៖ យោងតាមសារអបអរសាទរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើបណ្តាញសង្គមនានានៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា “ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយៈទីប្រាំបី របស់ពិភពលោក ដោយយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី ។
ប្រាសាទអង្គរ ឬប្រាសាទអង្គរ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា បានយកឈ្នះទីក្រុង Pompeii នៃប្រទេសអ៊ីតាលី ហើយក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក។ នេះបើតាមការផ្សាយដោយគេហទំព័រ Time of India Travel នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា អច្ឆរិយៈទី៨ នៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការ ដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារ ស្ថាបត្យកម្មផ្សេងៗទៀត។ ប្រាសាទអង្គរ ត្រូវបានសាងសង់ឡើង ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២៕