(ខេត្តពោធិ៍សាត់)៖ បុរស០១នាក់ ផឹកស្រាស្រវឹងជិះម៉ូតូមិនត្រង់ផ្លូវ ធ្លាក់ចូលទឹកអូរលង់ស្លាប់ ករណីនេះកើតឡើងនៅចំណុចក្នុងទឹកអូរបាកាន ខាងលិចទ្វាទឹកបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក នាង វុធ បានប្រាប់ឲ្យដឹងថា ៖ នៅវេលាម៉ោង១៣ និង១២នាទី ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី លន់ ប៊ុនរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ថាបានទទួលដំណឹងពីប្រជាពលរដ្ឋ ថាមានករណីឃើញសាកសពអណ្ដែតទឹក នៅចំណុចខាងលើ លោកដឹកនាំកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកបាកានសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងក្រុមគ្រូពេទ្យកោសល្យវិច្ច័យពេទ្យខេត្តបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអនុវត្តនីតិវិធី។
លោកអធិការ បានបន្តថា ៖ យោងតាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុ ការពិនិត្យ និងកោសល្យវិច្ច័យសាកសព ជាមួយគ្រូពេទ្យជំនាញសន្និដ្ឋានបានថា សពស្លាប់ដោយសារថប់ដង្ហើម លង់ទឹក បានស្លាប់លើសពី៤៨ម៉ោង ដោយពុំមានពិនិត្យឃើញអ្វីគួរឲ្យកត់សម្គាល់ ជនរងគ្រោះឈ្មោះ សឿន ណុប ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានកំពស់១,៦៥ម៉ែត្រ មុខរបរកសិករ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យឈ្មោះ ណុប ចន្ធី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាកូនបង្កើតរបស់សពយកទៅធ្វើបុណ្យតាមប្រពៃណី ៕