Heng Sothy

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងអង្គរវត្ត នឹងបញ្ចប់ការជួសជុលមុនដំណាច់ខែវិច្ឆិកា

សៀមរាប៖ ៣ខែមកនេះ ដំណើរការជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរ ផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ និងគ្រោងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ។

លោក សយ សុភារិន្ទ ជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានឱ្យដឹងថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគ បានបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿនទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណ។

ចំណែកដំណាក់កាលទី២ ជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់។ និងដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើម។ ក្នុងនោះដែរ ការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។ នេះបើតាមលោក សុភារិន្ទ។

សូមជម្រាបថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងតែពីពាក់កណ្ដាលខែកក្កដាមកម្ល៉េះ។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត គ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកានេះ៕

រូបភាពពីអាជ្ញាធរជាតិអប្សរា

Exit mobile version