ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលការណ៍រដ្ឋប្រកាសប្រឡងជ្រើសរើសឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិតមួយម៉ឺននាក់ ប៉ុន្តែទោះជាយ៉ាងណាការប្រឡងនេះត្រូវប្រកាន់ជំហរនូវ តម្លាភាព យុត្តិធម៌ និងសុក្រឹត្យភាព ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយអ្នកធ្លាក់ឲ្យគេអស់ចិត្ត។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ត្រូវផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដលើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បានប្រាក់ខែនោះទេ គឺត្រូវបម្រើ ដល់ប្រជាកសិករប្រកបដោយឆន្ទៈមុះមុត និងមានការជឿជាក់ពីប្រជាកសិករ៕