សម្ដេចធិបតី ៖ អំឡុងពិភពលោកជួបវិបត្តិស្បៀង តែកម្ពុជាធានាបានសន្តិសុខស្បៀងល្អប្រសើរ

0 13

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹង អំឡុងពេលដែលពិភពលោកកំពុងប្រឈម នឹងវិបត្តិស្បៀងអាហារ កម្ពុជា មិនត្រឹមតែធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែបានសល់ ផលកសិកម្ម និងបាននាំចេញជាង៦លានតោន ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣ នេះថែមទៀត។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីបានថ្លែងថា អំឡុងពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានាបាន នូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែបានផលកសិកម្ម និងបាននាំចេញជាង ៦លានតោន ក្នុងរយៈពេល ១០ខែ ឆ្នាំ២0២៣។

សម្ដេចគូសបញ្ជាក់ថា «ផ្ទុយទៅវិញ ខណៈប្រទេសជាច្រើន កំពុងជួបវិបត្តិនេះ (សន្ដិសុខស្បៀង) កម្ពុជា យើងធានាបាននូវ សន្ដិសុខស្បៀង ។ មិនត្រឹមតែធានាសន្ដិសុខ ស្បៀងក្នុង ប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែយើងបាននាំចេញ នៃការផលិតកសិកម្ម នាំចេញ ៦,២លានតោន ក្នុងរយៈពេល ១០ខែ កន្លងមកនេះ»។

សម្ដេចបន្ដថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីការដឹកនាំ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល។ សម្ដេចបន្ដថា ការបញ្ចប់សង្គ្រាម និងការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការជំរុញគោលនយោបាយលើកទឹកចិត្តផ្សេងៗ ការមិនយកពន្ធដី ការមិនយកពន្ធសម្ភារផ្សេងៗ ក្នុងវិស័យកសិកម្ម និងការជួយអនុគ្រោះលើកទឹកចិត្ត ជាច្រើនរបស់រាជរដ្ឋាភិបាល បានដាក់ចេញគឺបានផលល្អ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរជាមួយប្រជាកសិករ ដែលតម្លៃស្រូវនាឆ្នាំនេះ មានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន។ តម្លៃស្រូវឆ្នាំនេះ មានតម្លៃចាប់ពី ១,០០០ ទៅ ១,៣០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន មានតម្លៃត្រឹមតែ ៨០០ ទៅ ១,០០០រៀលតែប៉ុណ្ណោះ។

សម្ដេចគូសបញ្ជាក់ទៀតថា «ឆ្នាំនេះផងដែរ ខ្ញុំក៏សូមអបអរសាទរដល់ប្រជាកសិកររបស់យើង ដោយសារ ស្រូវឆ្នាំនេះតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ ។ តាមរបាយការណ៍ដូចមួយគីឡូពី ១,០០០ ទៅ ១,៣០០រៀល បើយើងប្រៀបធៀបពីមុនដូច ៨០០ ទៅ ១,០០០រៀល ហើយគូបផ្សំនឹងការធ្លាក់ចុះ ថយចុះនៃតម្លៃវត្ថុធាតុដើមមួយចំនួន ដូចជាជី ដូចជាថ្នាំកសិកម្មមួយចំនួន» ៕

Loading...