រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជំរុញឱ្យសិស្សបាក់ឌុប ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដែលមានឱកាសការងារបានប្រាក់ចំណូលខ្ពស់
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ ឱ្យពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ នេះបើតាមសេចក្តីប្រកាសមួយរបស់ឯកឧត្តមនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ជា វ៉ាន់ដេត បញ្ជាក់ថា ក្មួយៗអាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។
បើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលកន្លងមកបានឱ្យដឹងថា ជំនាញបច្ចេកវិទ្យាឌីជីថល មានលក្ខណៈទូលំទូលាយ ហើយកំពុងវិវត្តជាបន្តបន្ទាប់។ នៅក្នុងជំនាញនេះ គឺមានវិទ្យាសាស្រ្តកុំព្យូទ័រ, បច្ចេកវិទ្យា Cloud, ការអភិវឌ្ឍ Software, វិទ្យាសាស្រ្តទិន្នន័យ, សន្តិសុខ Cyber, បច្ចេកវិទ្យា Blockchain, អ៊ីនធើណែតនៃវត្ថុ, បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), បច្ចេកវិទ្យាសិប្បនិម្មិត, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ទូរគមនាគមន៍ និងបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នៅប្រទេសជិតខាងមួយរបស់កម្ពុជា គឺមានអ្នកជំនាញបច្ចេកវិទ្យានេះប្រមាណ ១លាន ៣សែននាក់ទៅហើយ។ ដោយឡែកកម្ពុជាវិញ មានអ្នកជំនាញបច្ចេកវិទ្យានេះមិនលើសពី ២ម៉ឺននាក់ឡើយ៕