ខេត្តមួយចំនួនរបស់កម្ពុជានឹងបន្តចុះត្រជាក់នៅពេលព្រឹករហូតដល់ថ្ងៃ២១ខែវិច្ឆិកា
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង ដែលអាចនាំឱ្យបណ្តាខេត្តមួយចំនួននៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានខ្យល់បក់មកពីទិសឦសាន ហើយធាតុអាកាសបន្តត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០អង្សាសេ (°C) ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងធនធានទឹក បានបញ្ជាក់ថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន បន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ក្រសួងធនធានទឹក បញ្ជាក់បន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់វាលទំនាប មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី។ ចំណែក តំបន់ខ្ពង់រាប មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៧-៩ម៉ែត្រ/វិនាទី ហើយខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសបន្តត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០°C។ ដោយឡែក តំបន់មាត់សមុទ្រ មានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ហើយនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-១,៥០ម៉ែត្រ៕