ភ្នំពេញ ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅពិភាក្សាលើសេចក្ដីព្រាងនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីពង្រឹងទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេស ការធានាការពារសន្តិសុខសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាការរវាង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានលើកឡើងអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ៕