ប៉ាឡេស្ទីន៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានសង្កត់ធ្ងន់ចំពោះការបដិសេធនូវផែនការណាមួយ ក្នុងការផ្លាស់ទីលំនៅប្រជាជននៅតំបន់ហ្គាហ្សាក្រោមឧបាយកលនៃជំនួយមនុស្សធម៌។
ក្នុងអំឡុងសម័យប្រជុំគណៈរដ្ឋមន្ត្រី លោក Shtayyeh ក៏បានច្រានចោល «សំណើបង្កើតច្រករបៀងសមុទ្ររវាងប្រទេស Cyprus និងតំបន់ហ្គាហ្សាដោយប្រទេសមួយចំនួនផងដែរ» ដោយសង្កត់ធ្ងន់ថា «ខណៈពេលដែលយើងស្វែងរកការមកដល់នៃជំនួយ យើងមិនទទួលយកការផ្លាស់ទីលំនៅរបស់ប្រជាជនរបស់យើងនៅលើកប៉ាល់ ដែលត្រូវនិរទេសនៅក្រោមឧបាយកលនៃជំនួយនោះទេ»។
ជាមួយគ្នានេះ លោកក៏បានបដិសេធមិនបង្កើតជំរុំបណ្តោះអាសន្ន សម្រាប់អ្នកជម្លៀសដោយផ្អែកលើការស្នើសុំផងដែរ ដោយនិយាយថា «យើងចង់ឱ្យប្រជាជនរបស់យើងត្រឡប់ទៅកន្លែង ដែលពួកគេត្រូវបានផ្លាស់ទីលំនៅវិញ»។ លោក Shtayyeh បានសង្កត់ធ្ងន់ថា «ប្រជាជនរបស់យើងនឹងមិនអាចត្រលប់ទៅតំបន់ហ្គាហ្សាវិញបានទេ ប្រសិនបើយើងទទួលយកដំណោះស្រាយបែបនេះ»។
លោកបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបទម្លាក់ជំនួយតាមផ្លូវអាកាស ទៅកាន់តំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម ជាពិសេសតំបន់ភាគខាងជើងរបស់ខ្លួន និងទាមទារឱ្យបើកច្រករបៀងផ្តល់ជំនួយបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា បន្ថែមពីលើផ្លូវឆ្លងកាត់ Rafah ។
ទាក់ទិននឹងការប្រកាសនាពេលថ្មីៗនេះ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទាក់ទងនឹងការរក្សាការគ្រប់គ្រងសន្តិសុខលើតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះ លោក Shtayyeh បាននិយាយថា «ហ្គាហ្សាគឺជាផ្នែកសំខាន់មួយរបស់ប៉ាឡេស្ទីន… យើងមិនត្រូវការការអនុញ្ញាតពីអ្នកណាម្នាក់ជួយប្រជាជនយើងនៅទីនោះ»៕