កាន់តែងាយស្រួល! អ្នកដែលមានសំបុត្រកំណើតសរសេរខុស អាចទៅកែថ្មីនៅកន្លែងនេះបាន

0 288

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើការកែតម្រូវ សំបុត្រកំណើត ដែលមានខុសឈ្មោះ ខុសកន្លែងកំណើត និងខុសទិន្នន័យផ្សេងៗ បងប្អូនអាចយកឯកសារពាក់ព័ន្ធទៅធ្វើការកែតម្រូវឡើងវិញនៅ ឃុំ សង្កាត់ ឬនៅសាលាក្រុង ស្រុក ខណ្ឌជាដើម។ហើយក្នុងករណីដែលមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិមិនអាចកែតម្រូវបាន បងប្អូនអាចដាក់ពាក្យសុំទៅសាលាដំបូងរាជធានី ខេត្ត ដើម្បីចេញសេចក្តីសម្រេច បង្គាប់មកមន្ត្រីអត្រានុកូលដ្ឋានឱ្យកែតម្រូវ។

ក្នុងនោះចំពោះឯកសារដែលពាក់ព័ន្ធសម្រាប់យកទៅធ្វើការកែតម្រូវរួមមាន៖

  • បញ្ជី ឬសេចក្តីចម្លងអត្រានុកូលដ្ឋានដែលមានកាលបរិច្ឆេទក្នុងឆ្នាំប្រតិទិន ដែលត្រូវកែតម្រូវ ឬត្រូវមោឃភាព
  • សំបុត្រអត្រានុកូលដ្ឋានច្បាប់ដើម (ករណីបាត់សំបុត្រអត្រានុកូលដ្ឋានច្បាប់ដើម សាមីខ្លួន ឬអាណាព្យាបាលត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាល)
  • សៀវភៅស្នាក់នៅ និង/ឬសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន(បើមាន)
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀតដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ សញ្ញាបត្រ។ល។ដោយឡែកទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលអាចកែតម្រូវបានក្នុងសមត្ថកិច្ចអត្តសញ្ញាណកម្មរួមមាន ៖១.ការខុសឆ្គងអក្ខរាវិរុទ្ធ នាមត្រកូល និង/ឬនាមខ្លួន ជាអក្សរខ្មែរ និងអក្សរឡាតាំង របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នា ប៉ុន្តែការសរសេរខុសគ្នា)។

    ២.ការសរសេរខុស ភេទ នៅពេលចុះបញ្ជីដូចជា ភេទ ប្រុស តែសរសេរដាក់ថា ភេទ ស្រី ឬ ភេទស្រី តែសរសេរដាក់ថា ភេទ ប្រុស។

    ៣.ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ។

    ៤.ខុសថ្ងៃកំណើតសុរិយគតិ (ដូចជាថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា)។

    ៥.ខុសថ្ងៃកំណើតច័ន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ១៩៧២ ប៉ុន្តែជាក់ស្តែងថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧២ ជាថ្ងៃព្រហស្បតិ៍។

    ៦.ការភាន់ច្រឡំទីតាំងភូមិសាស្រ្តរដ្ឋបាល ដូចជាសរសេរដាក់ថា ស្រុកកំពង់សៀម ខេត្តកំពង់ស្ពឺ ប៉ុន្តែជាក់ស្តែង ស្រុកកំពង់សៀម ស្ថិតក្នុងខេត្តកំពង់ចាម។

    ៧.ខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួនបានកើតជាក់ស្តែងរសេរខុសទីតាំងភូមិសាស្រ្តរដ្ឋបាលនាសម័យដែលបុគ្គលនោះកើត ឧទាហរណ៍បញ្ជីកំណើតរបស់បុគ្គលម្នាក់បានចុះថា កើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ ១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបង ពីព្រោះមិនទាន់បង្កើតខេត្តបន្ទាយមានជ័យនៅឡើយ។

    ៨.ការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន លើកលែងតែការបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើឱ្យសាមីខ្លួនរួចផុតពីការទទួលខុសផ្លូវច្បាប់។

    ៩.សម្រេចមោឃភាពលើបញ្ជីអត្រានុកូលដ្ឋាន និងដកហូតសំបុត្រអត្រានុកូលដ្ឋានទាំងឡាយណាដែលបានចុះជាន់គ្នា ឬចុះខុសពីបែបបទនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។

    ១០.កែតម្រូវទិន្នន័យអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។

សម្រាប់ព័ត៌មានផ្សេងៗ សូមទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ១ ទល់មុខបុរីប៉េង ហួត បឹងស្នោ ឬទាក់ទងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់សុក្រ តាមរយៈលេខទូរស័ព្ទ ១២៧១/ ០១៧ ៨៩៨ ៩១៥៕

Loading...