សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះបានរិះគន់ឥតសំច្ចៃមាត់ដោយចាត់ទុកក្រុមប្រទេស G7 គឺជាសំណល់នៃសង្រ្គាមត្រជាក់ ដែលតែងតែបង្កជម្លោះ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងបានបំពានលើអធិបតេយ្យនៃប្រទេសដទៃ។
សេចក្ដីថ្លែងការណ៍រិះគន់របស់កូរ៉េខាងជើង ធ្វើឡើងចំពេលដែលកូរ៉េខាងត្បូងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយដែលមានរដ្ឋជាសមាជិក ទាំង១៧ នៃទីបញ្ជាការ UN ចូលរួម ដើម្បីពង្រឹងបទឈប់សង្រ្គាមកូរ៉េ។ កិច្ចប្រជុំនៅថ្ងៃអង្គារសប្ដាហ៍នេះត្រូវបានរំពឹងថានឹងផ្ដោតជាសំខាន់លើការពង្រឹង ឡើងវិញនូវការសន្យាឆ្លើយតបទៅនឹងរាល់ទង្វើបង្កហេតុពីកូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីពីលោក Jo Chol Su ជាអគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេស កូរ៉េខាងជើង បានថ្កោលទោសក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ចំពោះអ្វីដែលលោកហៅថាជាការនិយាយមួលបង្កាច់ពីសិទ្ធិស្វ័យការពារខ្លួន និងអធិបតេយ្យស្របច្បាប់របស់កូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ក្រោយជំនួបមួយក្នុងទីក្រុងតូក្យូ កាលពីសប្ដាហ៍មុន។
ក្នុងបទអត្ថាធិប្បាយចេញផ្សាយដោយ KCNA លោក Jo Chol Su បានកត់សម្គាល់ថា G7 មិនមែនតំណាងឱ្យអន្តរជាតិទាំងមូលនោះទេ តែផ្ទុយទៅវិញ បានការពារផលប្រយោជន៍ប្រទេសមួយចំនួនតូច តួយ៉ាងដូចជាការផ្ដល់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែនដែលលោកចោទថា មានចេតនាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់អឺរ៉ុប។
មន្ត្រីកូរ៉េខាងជើងរូបនេះក៏បានចោទប្រកាន់ដែរថាវ៉ាស៊ីនតោនកំពុងទាញយកប្រយោជន៍ និងញុះញង់ ឱ្យមានការវាយប្រហារយោធាលើតំបន់ហ្កាហ្សា ខណៈធ្វើជាខែលការពារអំពើឃោរឃៅរបស់អ៊ីស្រាអែល។ លោក Jo Chol Su បញ្ជាក់បន្ថែមថា «G7 គឺជាកាកសំណល់នៃសង្រ្គាមត្រជាក់ដែល គួរតែត្រូវបានរំលាយចោលភ្លាមៗ ហើយនេះនឹងក្លាយជាការបោះជំហានដំបូងឆ្ពោះទៅរកការបន្ធូរបន្ថយវិបត្តិអន្តរជាតិសព្វថ្ងៃ និងស្ដារសន្តិភាពពិភពលោក ឡើងវិញ»។
សូមជម្រាបថាសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 បានអំពាវនាវឱ្យមានបទឈប់បាញ់មួយដើម្បីបុព្វហេតុមនុស្សធម៌ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ភ្ជាប់ជាមួយការអះអាងឡើងវិញពីការគាំទ្រសម្រាប់អ៊ុយក្រែន តែបានថ្កោលទោសការធ្វើតេស្ដមីស៊ីល និងការបញ្ជូនអាវុធរបស់ទីក្រុងព្យុងយ៉ាងទៅឱ្យរុស្ស៉ី៕