Heng Sothy

សាលាអនុគណក្រុងសៀមរាប សម្រេចបិទវត្តពោធិលង្កាជាបណ្តោះអាសន្ន និងបញ្ចប់តួនាទីចៅអធិការ គ្រូសូត្រឆ្វេង និងគ្រូសូត្រស្តាំ បន្ទាប់ពីកើតអធិករណ៍មិនចេះចប់ មិនចេះហើយ

(សៀមរាប)៖ សាលាអនុគណក្រុងសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចបិទវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីព្រះសង្ឃនៅក្នុងវត្ត បានបង្កើតអធិករណ៍មិនចេះចប់ មិនចេះហើយ ដែលមានភាពរាំរ៉ៃយូឆ្នាំមកហើយ។ ក្នុងករណីការរំសាយព្រះសង្ឃចេញពីវត្តពោធិលង្កានេះ ដោយព្រះសង្ឃមួយចំនួន មិនបានគោរព ប្រតិបត្តិ តាមធម៌វិន័យ ព្រះពុទ្ធសាសនា និងព្រមទាំងចែកបក្ខ ចែកពួក ជា៤ក្រុម នៅក្នុងវត្តពោធិលង្កានេះ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានមានថេរដីការថា ការសម្រេចបិទវត្តពោធិលង្កា ជាបណ្តោះអាសន្ននាពេលនេះ ធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កានេះ បន្ទាប់ពីកើត មានភាពមិនប្រក្រតីក្នុងការគ្រប់គ្រងវត្ត។ ព្រះអង្គបន្តថា បន្ទាប់ពីការសម្រេចនេះ គណៈសង្ឃខេត្ត ក្រុង និងធ្វើការរៀបចំសណ្តាប់ធ្នាប់វត្តនេះឡើងវិញ។

យោងតាមសេចក្តីសម្រេចរបស់គណៈ សង្ឃនាយក លេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេច បញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា នេះរួមមាន៖

*ទី១៖ បញ្ចប់មុខតំណែងភិក្ខុ កែវ ខូយ ពីចៅអធិការ
*ទី២៖ បញ្ចប់មុខតំណែងភិក្ខុ ពេជ្រដេវីឌ ពីគ្រូសូត្រស្ដាំ
*ទី៣៖ បញ្ចប់មុខតំណែងភិក្ខុ ស៊ីញ ស៊ីន ពីគ្រូសូត្រឆ្វេង
*ទី៤៖ បញ្ចប់មុខតំណែងភិក្ខុ សេង សុខុម ពីវិន័យធរ។

ដោយឡែក យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែវិច្ឆិកានេះ របស់សាលាអនុគណក្រុងសៀមរាប បានឲ្យដឹងថា សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កាទាំងអស់ ឲ្យបានជ្រាបថា សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាម ណេរទាំងអស់ នៅក្នុងវត្តពោធិលង្កា ឲ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប។

ក្នុងសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា នៅក្នុងវត្តពោធិលង្កានេះ មានព្រះសង្ឃ គង់នៅសរុប ចំនួន ១៤០អង្គ និងតាជី យាយជី ក្មេងវត្តមានចំនួន ៣១ នាក់ ក្នុងនោះដែរ សាលាអនុគណ បានតម្រូវឲ្យព្រះសង្ឃជាសមណ សិស្សពុទ្ធិក វិទ្យាល័យរាជបូណ៌ ចំនួន៣៨អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌។ ចំណែកព្រះសង្ឃ ចំនួន ១០២អង្គទៀត រួមជាមួយតាជី យាយជី និងក្មេងវត្តចំនួន ៣១នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។

សាលាអនុគណក្រុងមិនអនុញ្ញាតឲ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ បើបុគ្គលណាមួយមិនព្រមចាកចេញទៅតាមការជូនដំណឹងនេះ សាលាអនុគណក្រុង និងសហការជាមួយកម្លាំងមានសមត្ថកិច្ច អនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។

ពាក់ព័ន្ធឈានដល់ការបិទវត្តពោធិលង្កានេះ ត្រូវបានប្រជាពលរដ្ឋ ចំណុះជើងវត្ត សម្តែងនូវការសាទរយ៉ាងខ្លាំង ពីព្រោះព្រះសង្ឃនៅក្នុងវត្តនេះ បានបង្កើតបក្ខពួក និងតែងតែបង្កជម្លោះនៅក្នុងវត្តជាហូរហែរ និងជាយូរឆ្នាំណាស់មកហើយ។ ប្រជាពលរដ្ឋរំពឹងថា ចំណាក់ការរបស់គណៈសង្ឃនាយក និងគណៈសង្ឃខេត្តនេះ និងប្រែក្លាយទីអារាមមួយនេះ ឲ្យក្លាយជាទីកន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទឡើង។

ប្រភព៖ Fresh News

Exit mobile version