Al-Hilal កំពុងពិចារណាលុបឈ្មោះ Neymar ចេញពីក្លិប

0 8

Al-Hilal កំពុងសម្លឹងមើលការលុបឈ្មោះ Neymar ជាបណ្ដោះអាសន្នសិន ហើយស្វែងរកកីឡាករផ្សេងមកពង្រឹងក្រុមក្នុងខែមករា ក្រោយខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងអវត្តមានក្នុងរដូវកាលដែលនៅសេសសល់ដោយសាររបួស។

Neymar បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ នៃការធ្វើបដិវត្តន៍វិស័យបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតក្នុងរដូវក្តៅនាពេលកន្លងទៅ ក្រោយខ្សែប្រយុទ្ធរូបនេះផ្ទេរចេញពីក្លិប Paris Saint-Germain ក្នុងតម្លៃ ៩០លានអឺរ៉ូ។ យ៉ាងណាក៏ដោយ រូបគេ បានរងរបួសសរសៃពួរជើង អំឡុងពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រេស៊ីល ហើយបានទទួលការវះកាត់ដែលអាចឃើញតារារូបនេះនឹងអវត្តមានសម្រាប់ការប្រកួតពានរង្វាន់ Copa America រដូវក្តៅក្រោយជាមួយប្រេស៊ីល។

Al-Hilal បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Saudi Pro League ហើយគ្រូបង្វឹកលោក Jorge Jesus ចង់បង្កើនសមត្ថភាពប្រជែងជើងឯកក្រុមរបស់លោកក្នុងខែមករានេះ ដោយការចុះហត្ថលេខាលើខ្សែការពារឆ្វេង ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Al-Hilal មានកូតាពេញទៅហើយសម្រាប់កីឡាករបរទេស ដែលមានន័យថា ពួកគេនឹងត្រូវលុបឈ្មោះកីឡាករបរទេសខ្លះចោល ប្រសិនបើពួកគេចង់នាំយកតារាឆ្នើមម្នាក់ទៀតមកកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Al-Hilal ត្រូវបានអនុញ្ញាតឱ្យមានកីឡាករ ដែលមិនមែនជាជនជាតិអារ៉ាប៊ីសាអ៊ូឌីតចំនួន ៨ នាក់នៅក្នុងក្រុមរបស់ពួកគេ ប៉ុន្តែការដក Neymar ចេញនឹងអនុញ្ញាតឱ្យលោក Jesus នាំយកកីឡាករថ្មីមួយផ្សេងទៀតនៅក្នុងខែមករា ទម្រាំដែលកីឡាករប្រេស៊ីលបានជាសះស្បើយពីរបួសវិញ។

ទោះបីជាគ្មានឈ្មោះកីឡាករណាដែលត្រូវបានគេលើកឡើងថា ជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លិប Al-Hilal ក៏ដោយ ក៏កីឡាករម្នាក់ដែលអាចត្រូវបានគេកំណត់គោលដៅគឺ Ferland Mendy ខណៈក្លិប Real Madrid កំពុងតែសម្លឹងរកការលក់ខ្សែការពារស្លាបឆ្វេងរបស់ពួកគេរូបនេះចេញ ក្រោយតារាបារាំងខាងលើមិនសូវប្រើប្រាស់៕

Loading...