គ្រូបង្វឹក Manchester United លោក Erik ten Hag បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកមិនមានបញ្ហាអ្វីជាមួយខ្សែការពារ Raphael Varane នោះឡើយ។
ជាការពិត កីឡាករសញ្ជាតិបារាំង Raphael Varane បច្ចុប្បន្នហាក់កំពុងជួបប្រទះជាមួយនឹងភាពលំបាកខ្លាំង ក្នុងការរក្សាតួនាទីលេងជាប់លាប់នៅក្នុងក្រុមបិសាចក្រហម ដោយសារតែបញ្ហារបួស និងការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Ten Hag ។
តួយ៉ាង កីឡាករវ័យ៣០ឆ្នាំ មិនបានជាប់ឈ្មោះក្នុងបញ្ជីរបស់លោក Erik ten Hag ចំនួន៤ប្រកួតមកហើយនៅក្របខណ្ឌ Premier League នឹងទើបតែត្រូវបានដាក់ឱ្យចូលទីលាន ជំនួស Sergio Reguilon ក្នុងការប្រកួតឈ្នះ Luton Town ១-០ កាលពីចុងសប្តាហ៍កន្លងទៅប៉ុណ្ណោះ។
នៅពេលត្រូវបានគេសួរនាំអំពីបញ្ហាទំនាក់ទំនងរវាង Varane គ្រូបង្វឹកសញ្ជាតិហូឡង់ បាននិយាយ ថា ពួកគេមិនមានបញ្ហាអ្វីនោះឡើយ។
លោក Erik ten Hag បានអោយដឹងដូច្នេះថា៖ “ខ្ញុំនឹង Varane គ្មានបញ្ហាអ្វីនោះឡើយ។ ខ្ញុំតែគិតអំពីហេតុផលយុទ្ធសាស្រ្តដែលខ្ញុំត្រូវជ្រើសរើសដៃគូក្នុងការដាក់ឱ្យលេង នៅក្នុងក្រុម“។
លោក ten Hag បន្តថា៖ “កាលពីឆ្នាំមុន Harry លេងមិនបានច្រើនទេ ដូច្នេះហើយទើប Rapha ទទួលបានឱកាសនេះ។ ខ្ញុំតែងតែសប្បាយចិត្តនឹងការលេងរបស់គាត់។ ប៉ុន្តែនៅពេលនេះ Harry លេងបានល្អណាស់ ដូច្នេះហើយទើបយើងមានការផ្លាស់ប្តូរ។”
ដោយឡែក ក៏មានការរាយការណ៍ដែរថា ប្រសិនបើស្ថានភាពរបស់ Raphael Varane មិនមានប្រសើរឡើងនោះទេ នោះរូបគេនឹងអាចមានភាពស្រពេចស្រពិលហើយ ក្នុងការបន្តអនាគតសម្រាប់ការលេងនាទឹកដី Old Trafford នាពេលខាងមុខ៕