Heng Sothy

អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីលើគោលដៅ ក្នុងប្រទេសស៊ីរី

ហ្ស៊េរុយសាឡិម៖ យន្ដហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករនៅក្នុងប្រទេសស៊ីរី ជាការឆ្លើយតប ទៅនឹងការវាយប្រហារឆ្លងដែនមកលើតំបន់ Golan Heights។

កងទ័ពអ៊ីស្រាអែលបានគូសបញ្ជាក់នៅលើបណ្ដាញ Telegram នៅថ្ងៃអាទិត្យនេះដូច្នេះថា «កាលពីប៉ុន្មានម៉ោងមុននេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារ មានគោលដៅលើតំបន់ Golan Heights កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា យន្ដហោះចម្បាំងបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ ពួកភេរវករនៅក្នុងប្រទេសស៊ីរី»។

កាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានឱ្យដឹងថាមានគ្រាប់រ៉ុក្កែត ២គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសស៊ីរី ធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅក្នុងតំបន់ Golan Heights ហើយស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងពាសពេញតំបន់។

កាលពីថ្ងៃសុក្រកន្លងទៅនេះ កងទ័ពអ៊ីស្រាអែលក៏បានអះអាងដែរពីការវាយប្រហារលើគោលដៅក្នុងប្រទេសស៊ីរី បន្ទាប់ពីមានយន្ដហោះដ្រូនមួយ បាញ់ចេញពីស៊ីរី បានធ្លាក់ចំសាលារៀនមួយកន្លែងនៅទីក្រុង Eilat ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ អ៊ីស្រាអែល បានកាន់កាប់ទឹកដីភាគច្រើននៃ តំបន់ Golan Heights ពីស៊ីរី អំឡុងសង្រ្គាម៦ថ្ងៃ ក្នុងឆ្នាំ១៩៦៧ ហើយក្រោយមកទើបកាត់បញ្ចូលតំបន់នេះជាទឹកដីរបស់ខ្លួន ប៉ុន្តែមិនមានការទទួលស្គាល់ពី អន្តរជាតិនោះទេ។

បច្ចុប្បន្ន ការបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក នៅតែបន្តកើតមាននៅតាមបណ្ដោយព្រំដែនជាមួយប្រទេសលីបង់ ខណៈអ៉ីស្រាអែលកំពុង បង្កើនការវាយលុករបស់ខ្លួនប្រឆាំងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា៕

Exit mobile version