សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានចែករំលែកក្តីបារម្ភជាមួយសមភាគីកូរ៉េខាងត្បូង អំពីការកើនឡើងនូវទំនាក់ទំនងយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងលំហូរអាវុធ និងជំនួយបច្ចេកទេស។
ថ្លែងចេញពីរដ្ឋធានីសេអ៊ូល លោក Blinken បានគូសបញ្ជាក់ថា «បើនិយាយពីការគាំទ្រដែលរុស្ស៉ីអាចនឹងផ្តល់ឲ្យកូរ៉េខាងជើង នោះជាអ្វីដែលយើងកំពុងតាមដានយ៉ាងដិតដល់បំផុត។ យើងពិតជាមានការព្រួយបារម្ភចំពោះរាល់ការគាំទ្រនានា សម្រាប់កម្មវិធីមីស៉ីលបាលីស្ទីក បច្ចេកវិទ្យានុយក្លេអ៊ែរ ការអភិវឌ្ឍសមត្ថភាពអវកាស ហើយយើងកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាណ ដើម្បីលាតត្រដាង និងដើម្បីប្រឆាំងរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះ»។
លោក Blinken និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin ក៏បានពិភាក្សាអំពីការស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់ ចំពោះការរគំរាមកំហែងពីកូរ៉េខាងជើង ដែលអាចសំដៅដល់ការប្រើប្រាស់សម្ភារយោធាអាមេរិក រួមទាំងកងកម្លាំងនុយក្លេអ៊ែរ សម្រាប់ការការពារពីការវាយប្រហារណាមួយ និងការកែលម្អកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងជាមួយជប៉ុន។
កូរ៉េខាងជើងនិងរុស្ស៉ី បានបដិសេធកិច្ចព្រមព្រៀងសព្វាវុធណាមួយ ទោះបីជាមេដឹកនាំប្រទេសទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធ ក្នុងពេលជួបគ្នាកាលពីខែកញ្ញាក៏ដោយ៕