រុស្ស៉ីប្រកាសពីជោគជ័យ នៃការបាញ់តេស្តមីស៉ីលបាលិស្ទីគ ICBM សម្រាប់បំពាក់នុយក្លេអ៊ែរ ចេញពីនាវាមុជទឹក
មូស្គូ៖ រុស្ស៉ីនៅថ្ងៃអាទិត្យនេះបានប្រកាសពីជោគជ័យនៃធ្វើការបាញ់តេស្ត មីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាមុជទឹកថ្មីរបស់ខ្លួន។
ការធ្វើតេស្តបាញ់មីស៉ីលដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរខាងលើ កើតមានឡើងបន្ទាប់ពីរុស្ស៉ីទើបតែបានលុបចោលការផ្តល់សច្ចាប័ន ចំពោះសន្ធិសញ្ញាហាមហាត់ការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ។ នាវាមុជទឹក Emperor Alexander III ត្រូវបានដាក់ទៅលើផ្ទៃទឹកកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយការសាងសង់រួចរាល់ ដើម្បីឆ្លងកាត់ការធ្វើតេស្ត។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាមុជទឹកយុទ្ធសាស្រ្តថ្មីដើរដោយថាមពលនុយក្លេអ៊ែរ Emperor Alexander III បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល ICBM Bulava។ ការធ្វើតេស្តនោះ ត្រូវបានធ្វើឡើងចេញពីទីតាំងមួយនៅដែនសមុទ្រស ដែលស្ថិតនៅក្បែរឆ្នេរភាគពាយព្យប្រទេសរុស្ស៉ី ឆ្ពោះទៅកាន់គោលដៅដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ នៅឯឧបទ្វីប Kamchatka នៃតំបន់ចុងបូព៌ារុស្ស៉ី។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា ការធ្វើតេស្តបានប្រព្រឹត្តទៅកាលពីពេលណាឡើយ។
នាវាមុជទឹកខាងលើមានបំពាក់មីស៊ីល Bulava សរុប១៦គ្រាប់។ មីស៊ីល ICBM នេះ មានប្រវែង១២ម៉ែត្រ និងរយៈចម្ងាយធ្វើដំណើរខ្ទង់៨,០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានដល់៦គ្រាប់។ វាបានក្លាយជាឆ្អឹងខ្នងផ្នែកខាងជើងទឹក នៃយុទ្ធសាស្រ្តអាវុធនុយក្លេអ៊ែរត្រីមុខគឺជើងគោក អាកាស និងទឹក របស់ប្រទេសរុស្ស៉ី៕