មីយ៉ាន់ម៉ាព្រមានពីហានិភ័យនៃការបែកខ្ញែកប្រទេស ដោយសារជម្លោះនៅតាមព្រំដែន

0 7

ណៃពិដោ៖ ប្រធានាធិបតីនៃរបបសឹកមីយ៉ាន់ម៉ា បាននិយាយថាប្រទេសរបស់លោកកំពុងប្រឈមមុខនឹងហានិភ័យនៃការបែកខ្ញែកជាចំណែកៗ ដោយសារតែការគ្រប់គ្រងមិនមានប្រសិទ្ធភាពលើអំពើហិង្សា ដែលបានផ្ទុះឡើងថ្មីៗនេះនៅឯតំបន់ព្រំដែនជាប់ជាមួយចិន។

នៅឯភាគខាងឦសាននៃប្រទេស របបសឹកមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងលើទីក្រុងមួយចំនួនដែលស្ថិតនៅជាប់ព្រំដែនចិន ហើយ ខាងភាគីចិនក៏បានទទួលស្គាល់ក្នុងសប្ដាហ៍នេះដែរថាមានជនជាតិចិនស្លាប់ និងរងរបួសក្នុងការវាយប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងជន ជាតិភាគតិច នៅតាមបណ្ដោយព្រំដែនប៉ុន្មានសប្ដាហ៍មកនេះ។

របបសឹកមីយ៉ាន់ម៉ា បាន និងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំដល់អំណាច ដែលខ្លួនបានក្រសោបយកតាមរយៈការធ្វើរដ្ឋប្រហារកាលពី ឆ្នាំ២០២១មក ចំពោះមុខការកើនឡើងការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចលើមូលដ្ឋានរាប់រយកន្លែងរបស់របបសឹក នៅភាគខាងជើង ភាគឦសាន ភាគពាយព្យ និងភាគអាគ្នេយ៍នៃប្រទេស។

ថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ប្រធានាធិបតីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) លោក Myint Swe បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើរដ្ឋាភិបាលមិនអាចដោះស្រាយអំពើហិង្សាដែលកំពុងកើតឡើងនៅតាមតំបន់ព្រំដែនឱ្យមានប្រសិទ្ធភាពទេ នោះ ប្រទេសនឹងត្រូវបែកខ្ញែកជាច្រើនផ្នែក។ នេះជារឿងចាំបាច់ដើម្បីគ្រប់គ្រងបញ្ហានេះដោយយកចិត្តទុកដាក់បំផុត ខណៈបច្ចុប្បន្នវាជាពេលវេលាដ៏សំខាន់ សម្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងប្រជាជនទាំងមូលផ្ដល់ការគាំទ្រដល់ Tatmadaw (យោធាមីយ៉ាន់ម៉ា)»៕

Loading...