សម្ដេចធិបតីណែនាំឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែក ឱ្យអាចបើកក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង
ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដើម្បីមានសមត្ថភាពបើកបរឱ្យបានលឿន ជាងសព្វថ្ងៃ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាងមួយម៉ឺនប្រាំពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ថា ល្បឿនរថភ្លើងដឹកទំនិញនៅកម្ពុជាបច្ចុប្បន្ន បើកក្នុងល្បឿនរង្វង់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺមិនអាចបំពេញតម្រូវការក្នុងការដឹកជញ្ជូនប្រចាំថ្ងៃបាននោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមាន តម្រូវការកាន់តែច្រើនលើការដឹកជញ្ជូនទំនិញ កត្តានេះក៏បានធ្វើឱ្យមានការកកស្ទះផងដែរ។
ក្រៅពីការជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បាន បង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននានាទៅកាន់តំបន់ផ្សេងៗឱ្យបានខ្វែងខ្វាត់ នៅទូទាំងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពពលរដ្ឋកាន់តែប្រសើរផងដែរ៕